Bakong Temple

ប្រាសាទ បាគង


ឈ្មោះ ៖ ប្រាសាទបាគង 
អ្នកកសាង ៖  ព្រះបាទឥន្រ្ទវរ្ម័នទី១ 
កាលបរិច្ឆេទកសាង ៖  ៨៨១

ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួសដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះ រីងខះអស់ នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។

ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមាន ជណ្តើរឡើង ទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្ស ក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ ដែលមាន ទ័ពស្វា ចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមាន ចម្លាក់រឿងដកស្រង់ ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។



យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍" ឥន្រ្ទតដាក" នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ង គោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជា ប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។

ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង អ្នកទេសចរ គ្រប់រូប ទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុនប្រាសាទអង្គរវត្ត ទៅទៀត។