ប្រាសាទបាណន់

ប្រាសាទ​បាណន់ ជា​រចនាបថ​កណ្តាល ស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជា ដែល​បាន​កសាង​មុន​គេ​គឺ​ព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់ ដោយ ព្រះបាទជ័យវរ្ម័នទី៧ (១១៨១ .១២១៩)។



ប្រាសាទបាណន់ ត្រូវ​បាន​កសាង​លើ​កំពូល​ភ្នំ​ដែល​មាន​កំពស់​ប្រមាណ​ជាង​១០០ម ដោយ​មាន​កាំជណ្តើរ​ចំនួន ៣៥២កាំ ស្ថិត​នៅ​ក្នុង​ឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ.ម ពី​ទីរួម​ខេត្តបាត់ដំបង តាម​ដង​ផ្លូវ​ខេត្ត​លេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។

នៅជើង​ភ្នំ​បាណន់​មាន​គូទឹក និងល្អាង​សំខាន់ពីរ​គឺល្អាងព្រះទឹក និងល្អាងបិទមាស។

រមណីយដ្ឋាន ប្រាសាទបាណន់ គឺជារមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ ផង និង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ផង ពីព្រោះកសាង​ឡើង​នៅ​លើ​កំពូលភ្នំ​ប្រកប​ទៅ​ដោយ​ធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ រួមជាមួយផង។

ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផល​បន្ថែម​ទៀត​លើ​វិស័យ​ទេសចរណ៍ ពីព្រោះ​សងខាង​ដងផ្លូវ​ទៅ​កាន់​រមនីយដ្ឋាន នេះសំបូរ​ទៅ​ដោយ​ភោគផល​ដំនាំ កសិកម្ម​ដូចជា​ស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ ដ៏ល្បីល្បាញក្នុង ព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំ​ទៅ​លក់​តាម​បណ្តា​ខេត្តនានា និងទីក្រុងភ្នំពេញផង។