ប្រាសាទ​រូងភ្នំ​ នៅ​អង្គរបុរី​

​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ប្រាសាទ​រូងភ្នំ​នា​សម័យ​នគរ​ភ្នំ នៅ​ក្រោម​ជើងភ្នំ​ដា ​ត្រូវ​បាន​កសាង​ឡើង​រវាង​ស​.​វ​ទី​៥ និង​ទី​៦​នៃ​គ​.​ស ​តាម​លំនាំ​នៃ​សំណង់​ស្ថាបត្យកម្ម​ឥណ្ឌា ជាពិសេស​សិល្បៈ​គុហា​នៅ​ជ​ន្តៈ​។​ ​ ​

តាម​ពិត​ទៅ ការ​លុង​ភ្នំ ដើម្បី​ធ្វើជា​បូជនីយដ្ឋាន​ប្រយោជន៍​នឹង​បូជា​ព្រះអាទិទេព​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា គឺជា​ការ​បន្ត​វេន​នៃ​ជំនឿ​លើ​ភាព​ស័ក្តិសិទ្ធិ​នៃ​រូង​ឬ​ល្អាង​ភ្នំ​ធម្មជាតិ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ​។​ព្រោះថា ជានិច្ចកាល រូង ឬ​ល្អាង​ភ្នំ​ធម្មជាតិ ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កន្លែង​ដែល​ប្រកបដោយ​បុណ្យ​បារមី​ភាព​ស័ក្តិ​សិទ្ធ​ដ៏​ខ្លាំងក្លា​អស្ចារ្យ មិន​ថា​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ឬក៏​នៅ​ឧបទ្វីប​អឺរ៉ុប​ទេ​។​

១. ប្រាសាទ​រូងភ្នំ ​ឬ​ល្អាង​ភ្នំ​ទី​១ ​
ប្រាសាទ​រូងភ្នំ​ទី​១ ដែល​បុព្វការី​ជន​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​បាន​ចោះ ដើម្បី​ធ្វើជា​ទី​សក្ការៈ​បូជា គឺជា​ល្អាង​មួយ​មាន​ជម្រៅ​ប្រមាណ​ជា​៥,៤០​ម៉ែត្រ ស្ថិតនៅ​ចំ​ជណ្តើរ​ទៅកាន់​ប្រាសាទភ្នំដា​ហើយ​មាន​រាង​ជា​ចតុកោណ​។ ប្រាសាទ​រូងភ្នំ​មាន​ក្លោងទ្វារ​ចេញចូល​មួយ​ដែល​មាន​កំពស់​ប្រមាណ​ជា​២,៨៥​ម៉ែត្រ​។ មេ​ទ្វារ​ដែល​ធ្វើ​អំពី​ឈើ​សព្វថ្ងៃ​នេះ ត្រូវ​បាន​បាត់បង់​តាំងពី​យូរ​ទៅ​ហើយ ដោយ​បាន​បន្សល់ទុក​ត្រឹមតែ​រន្ធ​មូល​មួយ​លើ​ធ្នឹម​ថ្ម​សម្រាប់​សូ​ក​ព​ន្លូ​ញ​ តែប៉ុណ្ណោះ​។
ប្រាសាទ​រូងភ្នំ​ទី​១​ចង្កេះភ្នំ​ដា
 ​ក្នុង​ល្អាង​នៃ​ប្រាសាទ​រូងភ្នំ​នេះ គេ​ឃើញ​មាន​ទម្រ​ថ្ម​២​សម្រាប់​តម្កល់​ព្រះ​សិវលិង្គ ដែល​ត្រូវ​បាន​គេ​យក​រក្សាទុក​ក្នុង​សារមន្ទីរ​ស្រុក​អង្គរបុរី ដែល​ទើបតែ​បាន​សាងសង់​រួច​។ ប្រាសាទ​រូងភ្នំ​នេះ​មាន​ប្រវែង​៣​ម៉ែត្រ​,​ទទឹង​៥,៥០​ម៉ែត្រ និង​កំពស់​៣​ម៉ែត្រ​៥០​។

២. ប្រាសាទ​រូងភ្នំ​ទី​២ ​ ​
ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​រូងភ្នំ​ទី​១ រូងភ្នំ​ទី​២​នេះ​មិន​មាន ​លក្ខណៈ​ជា​ប្រាសាទ​ដូច​បូជនីយដ្ឋាន​ទី​១​នោះ​ទេ​។ ល្អាង​នេះ​មាន​រាង​កែង កោង ហើយ​គ្មាន​ក្បាច់ក្បូរ​អ្វី​ទាំងអស់​។ វត្តមាន​របស់​យោនី​ចំនួន​២​តូច​មួយ (​ទំហំ​១,៥០​ម៉ែត្រ​) ធំ​មួយ (១,៩០​ម៉ែត្រ​) ចង្អុល​បង្ហាញថា ប្រាសាទ​រូងភ្នំ​នេះ​ត្រូវ​បាន​​សាងសង់​ឡើង ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​សិវៈ​និកាយ​។​
ប្រាសាទ​រូងភ្នំ​ទី​២
 ល្អាង​ភ្នំ​ទី​២​នេះ មាន​បណ្តោយ​ប្រមាណ​ជា​៥,៥០​ម៉ែត្រ ទទឹង​៤,៥០​ម៉ែត្រ និង​កំពស់​ប្រមាណ​៣,៥០​ម៉ែត្រ​។ សូម​ជម្រាប​ជា​ព័ត៌មាន​ថា យោនី​ធំ​មាន​៣​ថ្នាក់​ឬ​ជាន់​ជាន់​ទី​១​មាន​ប្រវែង​១,៥៤៤​ម៉ែត្រ ជាន់​ទី​២​មាន​ប្រវែង​១,៤៣​ម៉ែត្រ និង​ជាន់​ទី​៣​ផ្នែក​ខាងក្នុង​មាន​ប្រវែង​១០​ស​.​ម​។

៣. ប្រាសាទ​រូងភ្នំ​ទី​៣​ 
​ស្ថិតនៅ​ខាងស្តាំ​ដៃ​នៃ​ល្អាង​ទី​២​នៅ​ប៉ែក​ខាងជើង មាន​ប្រវែង​ប្រមាណ​៥,៧០​ម៉ែត្រ ហើយ​មាន​កំពស់​ប្រមាណ​២,៥០​ម៉ែត្រ និង​ជម្រៅ​៤,៩០​ម៉ែត្រ​។ នៅក្នុង​ប្រាសាទ​រូងភ្នំ​នេះ យើង​ឃើញ​មាន​បំណែក​ស្នាន​ទ្រោ​ណិ​ បី​បំណែក​តែប៉ុណ្ណោះ​។​
ប្រាសាទ​រូងភ្នំ​ទី​៣
​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ផ្លូវ​ចូលកាន់​រូងភ្នំ​ដ៏​ពិសិដ្ឋ​នេះ យើង​បានឃើញ​នូវ​សមាសធាតុ​ថ្ម​តុបតែង​ប្រាសាទ​មួយចំនួន រាយប៉ាយ​ដូចជា​ទម្រ​ទេវរូប​ជ​ជាដើម​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​អនេក​។