ប្រាសាទបន្ទាយស្រី
បន្ទាយស្រីបានកសាងឡើង ក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរាជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជា ព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះសង់បែរមុខទៅកើត ធ្វើពីថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង លើដីរាបស្មើ ហើយមាន គូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបី មានរបងនិងក្លោងទ្វារ បែរមុខទៅទិសខាងកើត។
ប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ, ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និង ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រី កាលដើមឡើយ មានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀត គេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែ រាងតូចច្រឡឹង និង ក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនោះឯង ទោះបីជាសង់នៅក្នុង បរិវេណដ៏តូចចង្អៀត បន្តិចមែន តែទ្រង់ទ្រាយនៃក្បាច់ចម្លាក់ មានភ្ជាប់ទៅដោយ រឿងរ៉ាវទាក់ទងទៅនឹង លទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ"។
ប្រាសាទបន្ទាយស្រី សង់ពីថ្មភក់ពណ៌ផ្កាឈូក រំលេចដោយ ចម្លាក់ទេពអប្សរ ចំនួន១៥០០ ខុសៗគ្នា មានកំពែងថ្មបាយក្រៀម ព័ទ្ធ៣ជាន់ មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ។ នៅចំកណ្តាលទីលាន មានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាងជើងមួយ ចេញទៅខាងត្បូងបី សុទ្ធសឹងប្រកបដោយក្បាច់រចនាយ៉ាងល្អវិចិត្រ ។ សព្វថ្ងៃនេះ ផ្នែកខ្លះ បានបាក់ធ្លាក់អស់ហើយ សល់តែសរសរច្រូងច្រាង ដោយសារ ការទទួលរងនូវមហន្តរាយពីសង្គ្រាម នៅប្រទេសខ្មែរ ៤០ឆ្នាំកន្លងមក ។
ចំណែក របងកំពែងការពារ ផ្នែកខាងក្រៅ ត្រូវបានគេលួចជីកគាស់ បង្កជា គំនរដុំថ្មរាយប៉ាយនៅមុខប្រាសាទ ហើយតួប្រាសាទខាងក្នុងមួយភាគ ត្រូវបាក់បែកស្រុតទ្រុឌទ្រោម គួរអោយសង្វេគ ។