ប្រាសាទលលៃ
ប្រាសាទនេះ នៅកណ្តាលបារាយណ៍ "ឥន្ទដាក់" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ ខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ) ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រាសាទនេះ មានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀបជាពីរជួរមុខក្រោយ ស្ថិតនៅលើទីទួលខ្ពស់ កណ្តាលបារាយណ៍ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបញ្ឆោតបីទិស ទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹក ដូចប្រាសាទព្រះគោ ចារស្មើដៃបៀ្របដូចអក្សរពុម្ព។
ចំណែកផែ្តរលើទ្វារ មានក្បាច់រចនា អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទ មានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គ មានឈ្មោះអ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នា ក្នុងការថែទាំនិង រៀបចំកិច្ចបូជា ប្រចាំប៉មនីមួយៗ។
បច្ចុប្បន្ននេះ ប៉មមួយរបស់ប្រាសាទនេះ ដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ។ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមជាខ្លាំង។ ប្រាសាទលលៃ កសាងនៅចុងសតវត្សទី៩ នៃ គស៨៩៣ ដោយព្រះបាទ យសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍។
យោងតាមពត៌មាននៅលើសិលាចារឹក កាលនោះព្រះអង្គកំពុង ចាប់ផ្តើមអនុវត្ត គំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ។ ចំណែកបារាយណ៍ ក៏ត្រូវជីកទុកសម្រាប់ស្តុកទឹកប្រើប្រាស់ ក្នុងភូមិផង និងសំរាប់ធ្វើស្រែចំការ នៅតំបន់នោះផង។ បច្ចុប្បន្ននេះ ស្រះដែលនៅជុំវិញប្រាសាទ បានរលាយបាត់រូប ក្លាយទៅជាវាលស្រែអស់រលីងហើយ ។