Ku Nokor Temple

ប្រាសាទគុហ៍នគរ



ប្រាសាទគុហ៍នគរជាប្រាសាទដ៏ល្អមួយ ស្ថិតនៅភូមិ ត្រដក់ពង ឃុំពង្រ ស្រុក​​ បារាយណ៍ ខេត្តកំពង់ធំ ជាមណ្ឌល គួរជាទីចាប់ អារម្មណ៍របស់ភ្ញៀវអន្តរជាតិ ហើយត្រូវបានទទួលការយកចិត្ត ទុកដាក់ ថែរក្សាការពារពី អាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ គណៈ កម្មាធិការវត្ត និងឆ្មាំការពារប្រាសាទទៀតផង។

ប្រាសាទ គុហ៍នគរជាកន្លែងទស្សនា ដ៏ល្អប្រណីតមួយ បន្ទាប់ពីប្រាសាទសម្បូណ៌ព្រៃគុហ៍ និង តំបន់ភ្នំសន្ទុក ។ ប្រាសាទគុហ៍នគរ កសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ ក្នុងសតវត្សរ៍ទី ១១ តាមរចនាបថឃ្លាំង ។

ប្រាសាទ នេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និង មាននៅសងខាងចំនួនពីរ ទៀត ។

គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបាន ទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ ចង្អូរមួយ ដែលគេចោះទម្លុះជញ្ជាំង ទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។ 

នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើ នៃសរសេរមាន តុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើ សសរពេជ្រនេះ មានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុស ហើយនៅ ចំកណ្តាលផ្តែរ នោះមាន រូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។ 

នៅក្បែរតួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់ មធ្យម សង់លើខឿន កម្ពស់ ១ ម៉ែត្រ ។ នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយ ថ្មបាយក្រៀម ឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។

ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ (កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់ កប់ខ្មោចទាំងអស់ នៅសម័យថ្មីៗ ក្រោយៗនេះ ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូង ស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយ ក៏ក្លាយទៅជា រហោស្ថានកប់ខ្មោចដូចគ្នាដែរ។)