Angkor Thom

អង្គរធំ


អង្គរធំគឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជាកន្លែងសាសនា និងរដ្ឋបាលនៃអាណាចក្រខ្មែរ។

ទីក្រុងនេះត្រូវបានកាសាងឡើងនៅចុង​សតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២២០) (មរណនាមៈ មហាបរមសង្គតបទ)។ ទីក្រុងនេះគ្របដណ្តប់ លើផ្ទៃដីដែលមានទំហំ ៩គីឡូម៉ែត្រក្រលា ដែលមានបូជនីយដ្ឋាន ជាច្រើនបន្សល់ទុកតាំងពីសម័យមុនៗមក និងសម័យ ព្រះបាទជ័យវរ្ម័នទី៧ និង អ្នកស្នងរាជពីអង្គបានកសាងជាបន្តបន្ទាប់។ 

នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ អង្គរធំត្រូវបានកសាងជារាជធានីរបស់​ព្រះបាទជ័យវរ្ម័នទី៧ និងជា មជ្ឈមណ្ឌល នៃស្ថាបនា សំណង់នានារបស់ព្រះអង្គ។

សិលាចារិកមួយដែលគេបានរកឃើញនៅរាជធានី​បញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី៧ជាកូនកំលោះ និង រាជធានីជាកូនក្រមុំរបស់ទ្រង់។

រាជធានីនេះលាតសន្ធឹងពីមាត់ស្ទឹងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចំងាយប្រហែល ០,២៥ម៉ាយល៍ពីស្ទឹង។ ទីក្រុងនេះមានផ្លូវចូលចំនួន៥នៅទិសនិមួយៗ៖ ទ្វារខ្មោច (នៅទិសខាងកើត), ទ្វារដីឆ្នាំង (នៅទិសខាងជើង), ទ្វារតាកៅ (នៅទិសខាងលិច), ទ្វារទន្លេអ៊ុំ (នៅទិសខាងត្បូង) និងទ្វារជ័យ (នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប)។

គោបរៈនៃទ្វារនិមួយៗមានព្រហ្មមុខបួន។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩គម២។ កំពែងជុំវិញអង្គរធំគឺតំណាងអោយជញ្ជាំងថ្មជុំវិញផែនដី និងជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងអោយសមុទ្រ។

ស្ពាននាគក្រុងអង្គរធំ



កេរដំណែលជាច្រើនដែលបានបញ្ជាក់ថា ខែ្មរជាជាតិសាសន៍មួយ ដ៏ចំណាស់ រស់នៅ លើទឹកដីរបស់ខ្លួន ហើយ បានកសាងប្រទេសជាតិឲ្យមានសេដ្ឋកិច្ចរីកចំរើនរុងរឿង និង​មាន​វប្បធម៌‌​ខ្ពង់ខ្ពស់​នៅ​តំបន់អាស៊ីអាគេ្នយ៍។ កេរដំណែលទាំងនោះរួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម ដីដុត លោហៈ ស្ពាន់ មាស លង្អិន ដែល​មាន​អាយុកាល​ដ៏​ចំណាស់។ ចំណែកឯស្ពាននាគនៅខ្លោងទ្វារ ចូលអង្គរធំខេត្តសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្ស ទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បី​យក​ទឹកអម្រឹត​ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនាយ៉ាងជ្រាលជ្រៅ និងការរីកចំរើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក។ 

យោងតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសងេ្កតឃើញមាន សមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផៃ្ទប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែល​ជា​មធ្យោបាយ​ក្នុងការធើ្វដំណើរ និង ជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ គេបានប្រទះឃើញ​ផ្លូវ២ខែ្សធំ និង​២ខែ្ស​តូចៗ​ទៀត​សំរាប់​តភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​កាន់​តំបន់​នានា និងស្ពាន បុរាណមួយចំនួនទៀតសំរាប់តភ្ជាប់ប្រព័ន្ធគមន៍ក៏ដូចជា ទ្វារទឹក សម្រាប់ការងារកសិកម្មផងដែរ។ ស្ពាន​បុរាណ​ទាំងនោះ​ខ្លះចាស់ទ្រុឌទ្រោម និង​ខ្លះ​ទៀត​នៅ​មាន​គុណភាព​ល្អ​អាច​ប្រើប្រាស់​បាន ហើយ​មានរចនា រូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ចាំង​ពីទស្សនសាសនា ទៀតផង។

ចំណែក​ស្ពានថ្មមានរូបនាគ យក្ស និងទេវតា ទាញក្បាលនាគ ដែល​ស្ថិត​នៅ​ខាងមុខ​ខ្លោងទ្វារនៃទីក្រុងអង្គរធំអតីតរាជធានីសម័យបុរាណ ហើយរូបចម្លាក់នេះ ក៏បានទទួល រងនូវការគំរាមកំហែងដោយសារ សង្រ្គាមខូចខាតអស់មួយចំនួន។ ពិសេស​ចំលាក់​ស្ពានរូបនាគ​នៅ​ខាង​មុខខ្លោងទ្វារ​ប្រាសាទអង្គរធំ ផែ្នកខាងត្បូងឆ្លងកាត់ទនេ្លអុំ ដែលកសាង ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ សម័យមហានគរនោះមាន ចម្លាក់ទេវតា និង​យក្ស​កាន់​ក្បាល​នាគ​ទាញ​ព្រ័ត្រ​ម្ខាង៥៤។ ចម្លាក់​ដ៏​រស់រវើក​នេះ​មានការអះអាងថាជា និមិត្តរូប នៃការចម្លងមនុស្ស ទៅកាន់ឋាន បរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពល ពីព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដើម្បីដណ្តើមយកទឹកអម្រឹតទៅផឹកឲ្យមានជីវិតអមតៈ។ នៅក្នុង គម្ពីរឥណ្ឌាបុរាណ ក៏មានចែងអំពីបញ្អានេះដែរ គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ ពិសិដ្ឋ​មួយ​តំណាងឲ្យ ឥន្ទធនូ ដែលមានកសិណទឹកតំណាងឲ្យចក្រវាល។

អត្ថន័យនៃចម្លាក់នេះ ត្រូវបានស្ថាបត្យករយើងឆ្លាក់នៅតាមវត្តអារាម និងទីសាធារណៈ មួយចំនួន រហូតដល់សព្វថៃ្ង ដែល​មាន ការអះអាងថា ព្រះពុទ្ធបរមគ្រូ នៃយើងបានយាងចុះ ពីឋានសួគ៌‌ ត្រៃត្រិង្ស តាមជណ្តើរឥន្ទធនូនេះ ហើយ ជណ្តើរ​នេះ​នឹង​ជួយ​ចំលង​មនុស្ស​ដែល​ធ្វើ​បុណ្យ​សន្សំ​កុសល​បានច្រើន​ឲ្យ​ទៅ​កើត​នៅ​ឋានសួគ៌‌​ទៀត​ផង។ ​មាន​ការកត់សំគាល់ថា ចាប់តាំងពី សម័យអង្គរ នាគច្រើនតែងទ្រដោយមករ ដែលតំណាងឲ្យត្រីសមុទ្រ នាគក៏ជា យានជំនិះ អចិន្រៃ្តយ៍ របស់ព្រះភិរុណ ដែល​គេ​សងេ្កត​ឃើញ​នៅ​តាម​ក្បាច់ចម្លាក់​ខាងជើងប្រាសាទអង្គរវត្ត និងជួនកាល មានសត្វនាគអូសរទេះទៀតផង។ ចំណែកក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែល​ត្រូវគេចាប់យក​មក​ធើ្វ​ជា​ខែ្ស​សំរាប់​បង្វិលស្នូលនៃ​លោហធាតុដោយ​យកភ្នំមន្ទរមកធ្វើជាប្រដាប់កូរ ដើម្បីយក ទឹកអម្រឹត ហើយ​នៅ​ផែ្នកក្បាល​គេ​ឃើញ​​មានពពួកយក្ស​ចំនួន៩២នាក់ និងផែ្នកកន្ទុយគឺមាន ទេវតាចំនួន ៨អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិល ភ្នំនេះ ឲ្យកើតជា ភោគផល។ ដោយសារ​នាគ​មាន​សារសំខាន់​បែបនេះ ទើបគេសងេ្កតឃើញ​ស្ថាបត្យករ​យើងឆ្លាក់ នៅតាម ខ្លោងទ្វារ ផែ្តរ ស៊ុម ហោងជាង និង​តាមផ្លូវចូល​វត្តអារាម​និង​ប្រាសាទយ៉ាងច្រើន​តាំងពី សម័យបុរាណ ​រហូតដល់​សព្វថៃ្ង។

ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថៃ្ងការកសាងស្ពានឆ្លងកាត់ព្រែក ស្ទឹង ទនេ្ល ដើម្បីតភ្ជាប់ប្រព័ន្ធ គមនាគមន៍ និងជាទ្វារទឹកដ៏សំខាន់សំរាប់ការងារកសិកម្មទៀតផង ហើយ​ស្ពាន​ទាំងនោះ​បន្ទាប់​ពី​កសាង​រួច គេតែងរចនារូបនាគលំអផងដែរ។ សំណង់​ស្ពាននាគ​នៅខ្លោងទ្វារអង្គរធំ នេះបាន ឆ្លុះបញ្ចាំង ពីជំនឿសាសនារបស់សង្គមខែ្មរយ៉ាងជ្រាលជ្រៅ ចំពោះ​ទឹកអម្រឹត​ដែលជាវត្ថុ​ស័ក្តិសិទ្ធិ​អាច​ជួយ​ឲ្យ​មនុស្ស​រួចផុតពីជំងឺបៀតបៀនឧបទ្រព្យចង្រៃ មានសិរី សួស្តី ជាពិសេស មានជីវិតអមតៈ ទៀតផង លើសពីនេះទៀតសំណង់ស្ពាននេះ ក៏មិនខុសបែ្លកពីស្ពាន នានាដែរ គឺ​បានឆ្លុះបញ្ចាំង​ពី​ការរីកចំរើន នៃប្រព័ន្ធគមនាគមន៍ទ្វារទឹកដែលជាប្រភព នៃការងារកសិកម្ម និង​ទំនៀមទំលាប់​ប្រពៃណី​របស់​ជាតិសាសន៍ខែ្មរ​ដែល​និយមឆ្លាក់​រូបនាគ​នៅ​តាម​វត្តអារាម សំណង់ប្រាសាទ និង ទីសាធារណៈនានា។