ប្រាសាទភ្នំបាក់ខែង
ភ្នំបាខែងឬភ្នំកណ្ដាលជារាជធានីអង្គរទី១(យសោធបុរៈ) បច្ចុប្បន្នជាទីមនោរម្យក្រៃលែងសម្រាប់ទេសចរនានាទាំងបរទេស និងជន ជាតិខ្មែរក្នុង ការគយគន់ទេសភាពដ៏ប្រណីតនៃសូរិយារៀបអស្តង្គត និងប្រាសាទអង្គរវត្ត ដែលឋិតនៅកណ្ដាលព្រៃ ចម្ងាយប្រមាណ១.៥គីឡូម៉ែត្រ។ ប្រាសាទនេះត្រូវបានអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាមូលដ្ឋានក្នុងការ កសាងប្រាសាទផ្សេងៗ ទៀតនៅក្នុងតំបន់អង្គរ ក្រោយពេលដែលព្រះបាទយសោវរ្ម័នទ្រង់បានចូលមកតាំងរាជធានីនៅទីនេះ បន្ទាប់ពីរាជធានីហរិហរាល័យ ឬហៅថារលួស។
សិលាចារឹកស្តុកកក់ធំចុះកាលបរិច្ឆេទ១០៥២ នៃគ្រិស្តសករាជបានសរសេរថានៅពេលដែលព្រះបាទស្រីយសោវធ៌នឡើងគ្រង រាជសម្បត្តិ ហើយបានប្ដូរឈ្មោះទៅជាព្រះបាទយសោវរ្ម័នវិញនោះ ព្រះគ្រូវាមសិវៈនៅតែជាព្រះរាជគ្រូរបស់ព្រះអង្គដដែល។ ហើយព្រាហ្មណ៍នេះហើយដែលបានរៀបចំទុកដាក់លិង្គរបស់ព្រះសិវនៅលើកំពូលភ្នំយសោធរគិរី គឺសំដៅដល់ភ្នំបាខែងនេះហើយ។
ប្រាសាទភ្នំបាខែងមានរាងជាពីរ៉ាមីដ បែរមុខទៅទិសខាងកើត មានទំហំ៧៦ម៉ែត្រការ៉េ មានកម្ពស់៤៥ម៉ែត្រ មានកំពូល១០៩ និងមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំង៥ និងជាន់ខាងលើ ដែលតំណាងឱ្យឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ ព្រហ្មញ្ញសាសនា។ កំពូលទាំង១០៨មានលក្ខណៈតំរៀបស្មើៗគ្នា គឺមាន១២នៅតាមថ្នាក់ទាំង៥ និង៤៤ប្រាង្គនៅជាន់ខាងក្រោម រីឯនៅកំពូលខាងលើមានប្រាង្គ៤តំរៀបតាមទិសនីមួយ ហើយប្រាង្គដែលធំជាងគេមួយនៅចំកណ្ដាលកំពូលខាងលើ។
ប្រាង្គទាំងអស់មានសភាពទ្រុឌទ្រោម ដួលរលំអស់មួយចំនួនធំហើយ ជាពិសេសប្រាង្គកណ្ដាលដែលធំជាងគេ បានបាក់នៅសល់តែមួយកំណាត់ប៉ុណ្ណោះ។ ប្រាង្គទាំង១២នៅតាមថ្នាក់ទាំង៥តំណាងឱ្យសត្វទាំង១២នៃវដ្តឆ្នាំ ហើយប្រាង្គទាំង១០៨ ជានិម្មិតរូបនៃចន្លោះពេលច័ន្ទគតិទាំង៤ ដែលរយៈពេលនីមួយៗមាន២៧ថ្ងៃ។ ហើយនៅតាមទិសនីមួយៗគេអាចមើលឃើញប្រាសាទភ្នំបាខែងនេះមានកំពូល តែ៣៣ប៉ុណ្ណោះ ដែលតំណាងឱ្យទេព្តាទាំង៣៣អង្គនៅក្នុងលទ្ធិព្រាហ្មណ៍។
ភ្នំនេះនៅក្នុងសិលាចារឹកឈ្មោះថាជាភ្នំកណ្ដាលទំនងដោយ សារតែភ្នំនេះឋិតនៅចំកណ្ដាលទីក្រុងយសោធបុរៈ និងឋិតនៅចំកណ្ដាល បើធៀបទៅនឹងប្រាសាទភ្នំពីរទៀតគឺភ្នំក្រោម និងភ្នំបូកដែលជាស្នាព្រះហស្ថរបស់ទ្រង់យសោវរ្ម័នដូចគ្នា។ ជណ្ដើរឡើងទៅលើនៃប្រាសាទមានលក្ខណៈចោទខ្លាំងប្រមាណ ៧០អង្សាសេ ដែលនៅតាមថ្នាក់នីមួយៗមានសត្វតោឈរយាមផ្លូវ។
ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញដែលមានគោបុរៈ ក្រៅពីនេះនៅមានកូនប្រាសាទនៅពីខាងជើងតម្កល់លិង្គពីរ និងមានបណ្ណាល័យពីរផងដែរ។ សូមបញ្ជាក់ថាកាលដើមឡើយនៅប្រាង្គកណ្តាល ដែលខ្ពស់ជាងគេមានក្លោងទ្វារ ទាំង ៤ ទិសមានតម្កល់សិវលិង្គ ហើយមាន សិលាចារិក នៅលើមេទ្វាខាងជើង។រីឯនៅតាមតួប៉ម ប្រាងទាំង ៤ ខាងលើវិញក៍មានតម្កល់សិវលិង្គដូចគ្នាផងដែរប៉ុន្តែប្រាងទាំនោះមានទ្វារតែ ២នោះទេ។