ប្រាសាទព្រះគោ
ប្រាសាទនេះសាងសង់ពីឥដ្ឋ បែរមុខទៅទិសខាងកើត ឋិតនៅភាគអាគ្នេយ៍ ១៥គីឡូម៉ែត្រ ពីតំបន់ប្រាសាទអង្គរ។ ប្រាសាទនេះមានកំពែង៣ជាន់ ដែលមានគោបុរៈ កំពែងខាងក្រៅមានទំហំ៥០០ម៉ែត្រ×៤០០ម៉ែត្រ និងមានគោបុរៈ នៅខាងលិច និងខាងកើត។ នៅផ្នែកកណ្ដាលខាងកើតមានរូបគោនិន្ទ៣ បែរទៅរកប្រាសាទ តែសល់តែបំណែកខ្លះៗប៉ុណ្ណោះ។
មានតួប៉មប្រាសាទទាំងអស់៦ សង់លើខឿនតែមួយ ចែកជាពីរជួរ ដោយជួរមុខមានប្រាសាទចំនួន៣ និងជួរក្រោយមានប្រាសាទចំនួន៣ ដូចគ្នា។ ប្រាសាទទាំង៦ នេះគឺព្រះបាទឥន្ទ្រវរ្ម័នទ្រង់សាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរផង និងដល់បុព្វការីរបស់ទ្រង់ផងដូចជា ប្រាង្គមួយឈ្មោះស្រីប ឬថិវីទ្រ្ទេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតារបស់ទ្រង់។ ប្រាង្គស្រីប ឬទ្រ្ទេទេវី សម្រាប់ថ្វាយដល់ព្រះមាតារបស់ទ្រង់។ ប្រាង្គស្រីបរមេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតុលារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី២ ក្សត្រដំបូងនៃសម័យអង្គរ។ ប្រាង្គស្រីធរណិន្ទ្រទេវី សម្រាប់ថ្វាយដល់ព្រះមហេសីរបស់ជ័យវរ្ម័នទី២។
ប្រាង្គស្រីរុទ្រេស្វរៈ សម្រាប់ថ្វាយដល់ជីតាខាងព្រះមាតា។ ហើយប្រាង្គចុងក្រោយមិនស្គាល់ឈ្មោះ សម្រាប់ថ្វាយដល់ជីដូនខាង ព្រះមាតា។ សូមបញ្ជាក់ថា យើងគ្រាន់តែស្គាល់ឈ្មោះប្រាង្គដូចបានរៀបរាប់ប៉ុណ្ណោះ ប៉ុន្តែចំពោះឈ្មោះទាំងនេះត្រូវនឹងប្រាង្គណាមួយឱ្យពិតប្រាកដនោះ ពុំទាន់មានឯកសារណាមួយកត់ត្រានៅឡើយទេ។ ហើយឈ្មោះនេះ ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកត្រឹងា។
ហើយម្យ៉ាងទៀតគោនិន្ទ គឺជាជំនិះរបស់ទ្រង់ព្រះឥសូរ ដែលតែងតែទៅណាមកណាជាមួយទ្រង់ជាប់រហូត ដូចនេះប្រាសាទនេះក៏ជាតង្វាយចំពោះព្រះសូរ ផងដែរ ដូចដែលមានរូបសំណាកគោនិន្ទ ទាំង៣ បែរមុខទៅប្រាសាទជាសក្ខីភាពស្រាប់។ បច្ចុប្បន្ននេះនៅខាងមុខប្រាសាទមានឆ្លាក់ជារូបតូចៗ តំណាងឱ្យប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាបដូចជាប្រាសាទបាគង ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រីជាដើម។ នៅជុំវិញប្រាសាទមានម្លប់ឈើធំៗដែលមនោរម្យក្រៃលែងដល់អ្នកទេសចរ ទាំងអស់។