ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ២។
ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុងរចនាបថបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពកម្ពុជទេស។
បន្ទាប់ពីបញ្ចប់សឹកសង្រ្គាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានីអង្គរ និងមាតុភូមិ ជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី៧ ចាប់ផ្តើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនូវភាវូបនីយកម្មដោយបន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង៣ ឬត្រីម៌ូតិ។
ការបង្រួបបង្រួមនេះ សែ្តងចេញតាមរយៈសំណង់ប្រាសាទធំៗមានជាអាទិ៍ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើម។
ដោយឡែកប្រាសាទតាព្រហ្មទាំងពីរ នៅខេត្តសៀមរាប និងខេត្តតាកែវ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈ និងយកធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រហ្ម នៅតំបន់អង្គរមានឈ្មោះដើមថារាជវិហារ សម្រាប់ប្រាសាទតាព្រហ្មនៅទនេ្លបាទី ទោះបីជាវិសាលភាពតូចជាងប្រាសាទទី១ នៅតំបន់អង្គរក្តី ក៏តឹកតាងបង្អាញថាវាមានលក្ខណៈជាអារាម ឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋ។ នៅទនេ្លបាទីគ្មានភ្នំនៅជិតទេ តើដូនតាខែ្មរយកថ្មពីណាមកកសាងប្រាសាទ ? សំណួរនេះ ត្រូវបានអ្នកប្រវត្តិសាស្រ្តបកស្រាយថាគេត្រូវដឹកតាមរទេះ ដាក់ខ្នងដំរី ដាក់សំពៅ នាំយកផ្ទាំងថ្មទាំងនោះ ដែលរួមមានថ្មបាយកៀ្រម និងថ្មភក់ ពីភ្នំឆ្ងាយៗ មកកសាងឲ្យកើតជាប្រាសាទនេះឡើង ដែលកំពូលប្រាសាទកណ្តាលមានកម្ពស់ដល់ទៅ១២ម៉ែត្រ ចំណែកបរិវេណកំពែង មានបណ្តោយ១៥០ម៉ែត្រ ទទឹង៩៥ម៉ែត្រ។