ប្រាសាទប្រែរូប
ប្រាសាទ ប្រែរូបមានពណ៌យ៉ាងស្រស់ស្អាតនៅពេល ដែលមានពន្លឺថ្ងៃចាំងមក ជាពិសេសពេលព្រឹកនិង ពេលថ្ងៃរសៀលបានធ្វើឱ្យថ្ម ប្រាសាទនេះឡើងជាពណ៌ក្រហម។ ប្រាសាទនេះមានរាង៤ជ្រុងស្មើគ្នា ព័ទ្ធ ជុំវិញដោយកំពែង២ជាន់ មានផ្លូវចូលនៅភាគខាងកើតកសាងឡើងពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះមានការកសាងផ្លូវថ្មីកាត់ផ្លូវដែលមាន ស្រាប់។
នៅតាមច្រកចូលភាគ ខាងកើតផង ដែរមានតួប៉ម៣តម្រៀបគ្នាពីជើងទៅត្បូងដែលតួប៉ម មួយក្នុងចំណោមតួប៉មទាំងនោះ មានសភាពហាក់ដូចជាពុំទាន់បានសាងសង់រួច ឬមានការរុះរើឡើងវិញនៅជំនាន់ក្រោយៗមក ។ មានបណ្ណាល័យនៅអមសងខាងច្រកចូលហើយមានជណ្ដើរឡើងទៅកាន់តួប៉មកណ្ដាល ប្រាសាទដែលមានតោថ្មអង្គុយយាមសងខាង ។
នៅផ្នែកខាងលើមានតួប៉មចំនួនប្រាំ ដែលមាន ៤នៅជ្រុងនីមួយៗ និងមួយទៀត នៅផ្នែកកណ្ដាល ។ មានរូបទេវឈរចាំយាមនៅតាមច្រកទ្វារបញ្ឆោតទាំង៣នៃតួប៉មកណ្ដាលហើយ មានឆ្លាក់ជារូបព្រះឥន្ទទ្រង់ គង់នៅលើជំនិះរបស់ទ្រង់គឺសត្វ ដំរីក្បាល។
ប្រាសាទនេះ មានគំរូប្លង់យ៉ាងល្អ ដែលមានរចនាបថស្រដៀងគ្នាទៅនឹងប្រាសាទមេបុណ្យខាងកើត។ ប្រាសាទនេះតំណាងឱ្យភ្នំ ព្រះសុមេរុ ដែលប្រជាពលរដ្ឋខ្មែរនៅតែគិតថាជាទីសម្រាប់បូជាព្រះសព របស់ ព្រះ មហាក្សត្រ ដោយសម្អាងទៅលើទីតាំងដែលមានរាង៤ ជ្រុងទ្រវែង នៅទល់មុខ នឹងជណ្ដើរ ឡើង ទៅ កំពូល ទាំងប្រាំ។ ទីនោះគេគិតថា ជាបច្ឆា និងនៅភាគឥសានមានតួប៉មតូចមួយ ដែលសម្គាល់ថាជាកន្លែងសម្រាប់លាងធាតុ។ តាមពិតទៅ ទីតាំងដែលមានរាង៤ជ្រុងទ្រវែងនោះ គឺជាកន្លែងសម្រាប់តម្កល់រូបព្រះគោបែរមុខទៅរកប្រាសាទ ដែលបច្ចុប្បន្ននេះត្រូវបាត់បង់ទៅហើយ និងតួប៉មភាគឥសាននោះគឺជាទីតម្កល់នូវសិលាចារិក ។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបនេះមានរូបរាងប្រហាក់ប្រហែលទៅនឹង ប្រាសាទមេបុណ្យខាងកើត ដែលជាស្នាដៃរបស់ទ្រង់ដូចគ្នា ។ ការកសាងប្រាសាទប្រែរូបដែលមានកំពូល៥ស្ទើរដូចគ្នា បេះបិទទៅនឹង ប្រាសាទនៅកណ្តាល បារាយណ៍ខាងកើតនេះ មានមតិខ្លះយល់ថាដោយសារប្រាសាទ មេបុណ្យខាងកើតមានការពិបាកទៅធ្វើពិធីផ្សេងៗនៅទីនោះ ទើបសាងសង់ប្រាសាទដូចគ្នានេះនៅដីគោកវិញម្តង។ តាមឯកសាររបស់អ្នកស្រីត្រឹងាបានឱ្យដឹងថា នៅប្រាង្គកណ្តាលរបស់ប្រាសាទ ប្រែរូបមានតម្កល់ លិង្គរាជេន្ទ្រភទ្រេស្វរ ដែលជាលិង្គគោរពតគ្នាមកតាំងពីសម័យចេនឡាមកម្ល៉េះ។
នៅប្រាង្គទិសឥសាន មានតម្កល់លិង្គ រាជេន្ទ្រវម៌េស្វរ ជាលិង្គរបស់អាទិទេព និងប្រាង្គ ដទៃទៀតគឺសម្រាប់ឧទ្ទិសថ្វាយ ចំពោះព្រះញាតិ វង្សរបស់ទ្រង់។