ប្រាសាទមេបុណ្យខាងលិច
ប្រាសាទមេបុណ្យខាងលិច ឋិតនៅចម្ងាយ១១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅលើកោះចំកណ្ដាលបឹងមួយដ៏ធំ ដែលមានប្រវែង បណ្តោយ ៨គីឡូម៉ែត និង ទទឹង២,១គីឡូម៉ែត មានឈ្មោះថា បារាយណ៍ខាងលិច ឬ បារាយណ៍ទឹកថ្លា។
ប្រាសាទនេះ កសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម ដើម្បីឧទ្ទិសថ្វាយចំពោះព្រះវិស្ណុ ក្នុងសាសនាព្រាហ្មណ៍ ដោយមានសង់ កំពែងព័ទ្ធជុំវិញ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោមណាស់។ ផ្នែកខ្លះនៃប្រាសាទបានដួលរលំ នៅសល់តែប្រាង្គ ទិសខាងកើតចំនួន៣ប៉ុណ្ណោះ ដែលនៅល្អ។
រាជទូតចិនឈ្មោះ Zhou Daguan ដែលបានមកទស្សនា ក្រុងអង្គរ នៅចុងសតវត្សទី១៣ បានកត់ត្រាថា ប្រាសាទមេបុណ្យខាងលិច មានរូបសំណាក ព្រះពុទ្ធបដិមា ឬវិស្ណុដ៏ធំមួយ ដែលលិចទឹកត្រឹមផ្ចិត នៅរដូវវស្សា។
នៅឆ្នាំ១៩៥០គេ បានយករូបបដិមា ព្រះវិស្ណុ នោះ មកដាក់តាំងតម្កល់នៅ សារមន្ទីរជាតិ រហូតដល់សព្វថ្ងៃ។